អ្នករិះគន់វិមានក្រឹមឡាំង លោក Alexei Navalny ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Shere met yevo ក្នុងទីក្រុងមូស្គូ ក្រោយបានវិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីលោកស្នាក់នៅអាល្លឺម៉ង់រយៈពេល៥ខែ។ នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។
នៅក្នុងវីដេអូដែលត្រូវបានថតគេឃើញសកម្មជនវ័យ៤៥ឆ្នាំរូបនេះ ស្ថិតនៅក្នុងអាវពណ៌បៃតងត្រូវបានប៉ូលិសនាំខ្លួន នៅឯកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន ក្នុងអាកាសយានដ្ឋាន Sheremetyevo។
សូមជម្រាបថាលោក Navalny ដែលជាអ្នករិះគន់ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចំណាយពេល ៥ ខែចុងក្រោយនៅប្រទេសអាឡឺម៉ង់ ដើម្បីទទួលការព្យាបាលកាលពីចុងខែសីហា បន្ទាប់ពីបានសន្លប់លើយន្ដហោះ។
ករណីលោក Navalny ធ្វើឱ្យប្រទេសអាល្លឺម៉ង់ និងបស្ចិមប្រទេសផ្សេងទៀតនិយាយថា ជាការប៉ុនប៉ងធ្វើឃាត។យ៉ាងណាមិញ រុស្សី បានបដិសេធជាច្រើនដងចំពោះការចោទប្រកាន់ទាំងនោះ ដោយថាមិនបានឃើញភ័ស្តុតាងណាមួយដែលថា លោក Navalny ត្រូវបានគេបំពុល៕