បាងកក ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នៅពេលដែលបុរសជនជាតិថៃម្នាក់ នៅសុខៗស្រាប់តែបានយកទឹកថ្នាំលាយពណ៌ទៅជះលើ ភ្ញៀវទេសចរម៉ាឡេស៉ី២នាក់ ហើយដុតភ្លើងលើអ្នកទាំងពីរ ទាំងដែលពួកគេមិនបានធ្វើអ្វីសោះដាក់ជនរូបនោះ។ នេះបើតាមការចេញផ្សាយដោយ The Star។

ប៉ូលិសថៃបានឱ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ នៅខាងក្រៅផ្សារទំនើបមួយកន្លែង កណ្តាលទីក្រុងបាងកក។ ជនសង្ស័យមានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្ត Sa Kaeo។ រីឯជនរងគ្រោះ គឺជាគូស្នេហ៍ជនជាតិម៉ាឡេស៉ី២នាក់ អាយុ២៦និង២៧ឆ្នាំ។ ពួកគេបានរងរបួសរលាកលើខ្លួននិងមុខ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ភ្លាមៗក្រោយការវាយប្រហារ មនុស្សម្នាដែលនៅក្បែរឃើញហេតុការណ៍នោះ បានស្ទុះចូលជួយជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ រហូតទាល់តែដល់ពេលប៉ូលិសមកដល់។ អំឡុងការសួរចម្លើយរបស់ប៉ូលិស ជន Warakorn បានសារភាពថា ខ្លួនមិនមានទំនាស់និងគំនុំអ្វីពីមុនមកជាមួយជនរងគ្រោះទេ ដោយបានអះអាងថា សកម្មភាពរបស់ខ្លួន គឺបណ្តាលមកពីបញ្ហាស្ត្រេសធ្ងន់ធ្ងរ ដោយសារគ្មានការងារធ្វើ ហើយអត់អាហារហូបប៉ុន្មានថ្ងៃមកហើយ។ បើតាមប៉ូលិសថៃ ការធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ចេញលទ្ធផលមកអវិជ្ជមាន។

គួរបញ្ជាក់ថា ភ្ញៀវទេសចរម៉ាឡេស៉ីទាំង២នាក់ខាងលើ ក្រោយមកបានស្ថិតក្នុងស្ថានភាពនឹងនរវិញ។ រដ្ឋមន្រ្តីទេសចរណ៍ថៃ បានចេញមុខបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង ហើយបានទាក់ទងជាមួយស្ថានទូតម៉ាឡេស៉ី មន្ទីរពេទ្យ ក្រុមហ៊ុនធានារ៉ាប់រង និងប៉ូលិស ពាក់ព័ន្ធករណីនោះ។ លោករដ្ឋមន្រ្តីបានបង្គាប់ឱ្យស្ថាប័នប៉ូលិសទេសចរណ៍ និងទីភ្នាក់ងារសន្តិសុខទាំងឡាយ រឹតបន្តឹងចំណាត់ការសុវត្ថិភាពតឹងរ៉ឹងជាងមុន នៅតាមគោលដៅទេសចរណ៍សំខាន់ៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ