សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ ព្រមទាំងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាយឧត្តមសេនីយ៍ ទៀ សីហា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dato's Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
ដោយកិត្តិយសបានជួបជាមួយ លោក Dato's Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួន៖
- បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។
- សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។
បើតាមលោក Anwar Ibrahim បានគួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេ៕