ភ្នំពេញ ៖ លោក អ៊ុក កុសល ជឿជាក់ថា ក្រុមការងារក្រសួងនឹងពិនិត្យពិចារណា ដើម្បីកាត់សាច់ ស្អុយចេញពីក្នុងអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយពីមានជនបង្កមួយចំនួន បានញុះញង់ថ្នាក់ដឹកនាំ ដើម្បីទម្លាក់លោកចេញពីតំណែង។ហើយកុំឲ្យមហាជនហៅថា កំពង់ធំជំរុំប្ដឹង មកប្រើពាក្យថា កំពង់ធំជំរុំចិត្ត។
លោក អ៊ុក កុសល បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីផ្អាកការងារលោកជាបណ្ដោះអាសន្នថា «ការផ្អាកតួនាទីរបស់ខ្ញុំជាបណ្ដោះអាសន្ន ខ្ញុំទទួលយកដោយស្ម័គ្រចិត្ត មានសេចក្ដីរីករាយហើយសូមថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកមានការវិនិច្ឆ័យ និងគិតគូដល់កូនចៅនៅថ្នាកក្រោម ហើយលោកបាន ចាត់ចែងកម្លាំងស្រាវជ្រាវពាក់ព័ន្ធទៅនឹងបណ្ដឹងផងដែរ»។
លោក រៀបរាប់ថា កាលណាមានក្រុមការងារក្រសួង ចុះមកស្រាវជ្រាវទៅពាក្យបណ្ដឹង នេះឲ្យដឹងរឿងពិតយុត្តិធម៌សម្រាប់លោក-លោកនឹងទទួលយកបាន។ហើយថ្នាក់ដឹកនាំផ្អាកការងារ លោកបែបនេះគឺជារឿងល្អមួយ កុំឲ្យមានបញ្ហាផ្សេងៗកើតឡើងទៀត។លោក បន្ដថា ជាធម្មតាក្នុងនាមជាប្រធានអង្គភាព មានពាក្យបណ្ដឹងបែបនេះ ត្រូវផ្អាកការងារជាបណ្ដុះអាសន្នដោយ ទទួលយកដោយស្ម័គ្រចិត្ត។
លោក បន្ដថា នៅពេលមានក្រុមការងារក្រសួងមកចុះស្រាវជ្រាវបែបនេះ លែងមានអ្នកណាមកវាយប្រហារលោកទៀតហើយ ខណៈលោករងចាំលទ្ធការងារស្រាវជ្រាវរបស់ពីក្រុមការងារក្រសួង ដើម្បីទទួលបានយុត្តិធម៌ពិតប្រាកដសម្រាប់លោក។
បន្ថែមពីនេះ លោក អ៊ុក កុសល ក៏មានការសោកស្ដាយចំពោះពាក្យបណ្ដឹងមកលើរូប លោក ដោយពាក្យបណ្ដឹងនេះមានការរៀបចំជារចនាសម្ព័ន្ធ ដើម្បីប្ដឹងមកលើរូបលោកបែបនេះ ដើម្បី ឈានទៅដល់ផ្ដួលរលំការងាររបស់លោក។លោក ក៏បានរំលឹកថា លោកមកធ្វើការងារ ជាស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាំងពីឆ្នាំ២០១៥ ខណៈរូបលោក ជាស្នងកាទី១៣ នៃស្នងការ ដ្ឋាននគរខេត្តកំពង់ធំ ហើយលោកកត់សម្គាល់ឃើញថា គ្រប់ជំនាន់នៃស្នងកាខេត្តកំពង់ធំតែងតែ ជួបវិបត្តិញុះញុងដូចរូបលោក ដើម្បីបំបែកបំបាក់ការងារ។
លោក បន្ថែមថា លោកមានការតាំងចិត្តរួចទៅហើយ ចំពោះការបំបែកបំបាក់ការងារបែបនេះ ខណៈស្នងកាមុនៗក៏ជួបរឿងបែបនេះដែរ។
លោក អ៊ុក កុសល សំណូមពរក្រុមការងារក្រសួងដែលចុះមកស្រាវជ្រាវនាពេលនេះ ត្រូវចាត់ការមេក្លោងចលនាញុះញង់បង្កបញ្ហាម្ដងហើយម្ដងទៀត នៅក្នុងអង្គភាពស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ។លោកឧត្តមសេនីយ៍ទោ ជឿជាក់ថា ក្រុមការងារនឹងពិនិត្យពិចារណា កាត់សាច់ស្អុយចេញ ដើម្បីឲ្យខេត្តកំពង់ធំជំរុំចិត្ត កុំឲ្យគេហៅថា កំពង់ធំជំរុំប្ដឹង៕EB