សម្ដេចតេជោ ហ៊ុន សែន ៖ ជំងឺកូវីដ-១៩ ជំរុញឲ្យកម្មករដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងទីផ្សារ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ ជំរុញឲ្យ កម្មករ-កម្មការិនី ដាំដុះបន្លែបង្ការបន្ថែម សម្រាប់ផ្ដត់ផ្គង់គ្រួសារ និងទីផ្សារ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ថា «ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្ម បានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋ មួយចំនួនធំ នៅខេត្តស្វាយរៀង។បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរ ដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនី នៅខេត្តស្វាយរៀង ក៏ដូចជា ក្រុងបាវិតទាំងមូល គឺនៅដំណើរការជាធម្មតា»។
សម្ដេចតេជោ បន្ដថា «ស្របពេលនឹងការវាយលុក ជំងឺកូវីដ-១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗ ជាច្រើននៅផ្ទះ ដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើឲ្យជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ»។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ២៤៣នាក់ ក្នុងនោះ អ្នកជំងឺដែលព្យាបាលឲ្យជាសះស្បើយ ចំនួន២១៤នាក់ រីឯអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន២៩នាក់៕EB