សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»
ភ្នំពេញ ៖ តបតាមការអញ្ជើញលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គម និយមវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹង ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អញ្ជើញអម សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំង ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយក ចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការដោះស្រាយជម្ងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជម្ងឺ កូវីដ-១៩ វិធីនិងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
សូជម្រាបថា ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ច ប្រជុំដូចខាងក្រោម៖
-សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល។
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន។
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន។
-កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន។
នៅមុនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្ដីការបរទេសអាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ ដែលនៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេស ការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ៕EB