អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់អាជ្ញាធរ ត្រូវពិនិត្យមើលឡើងវិញរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ ត្រូវដោះស្រាយបានទាន់ពេលវេលា ដោយមិនប្រកាន់បក្សពួកនិយម
ប៉ៃលិន ៖ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើង វិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗ ក្នុងកិច្ចប្រជុំរួចមក លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ ស្រុក ត្រូវមើលឡើង វិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេគឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបាន ទាន់ពេលវេលាដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពឈានឆ្ពោះទៅរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និង កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុស ត្រូវខ្ពស់ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាពហើយនៅគ្រប់វត្តអារាម និងតំបន់ ទេសចរណ៍ ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន បរិវេណវិមានឯករាជ្យនិងផ្សារព្រំ៕