ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្ដ្រីក្រោមឱវាទថា «សូមមន្រ្តីយើង កុំមើលឃើញតែប្រាក់ពេក»
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្នងការដ្ឋាន ដែលមាន លោក លោកស្រី ជាស្នងការរងទទួលផែនការងារជំនាញ និងការិយាល័យចំណុះស្នងការដ្ឋានចូលរួម នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរំលឹកដាស់តឿនដល់មន្ត្រីនគរបាលចរាចរណ៍ថា «សូមកុំមើលឃើញតែប្រាក់ពេក» ។
លោកស្នងការបានលើកឡើងថា វិធានការអប់រំណែនាំ ចំពោះបងប្អូនអ្នកធ្វើដំណើរលើដងផ្លូវ បើក្នុងករណីកំហុសឆ្គង របស់គាត់តូចតាចទេ ក្នុងកម្រិតអប់រំណែនាំ ពន្យល់គាត់ឱ្យបានយល់ដឹង នោះគាត់នឹងអរគុណដល់យើងជាមន្រ្តីនគរបាលចរាចរណ៍ ហើយគាត់ចងចាំពេញមួយជីវិតនូវកំហុសឆ្គង ដែលគាត់បានធ្វើខុសដោយអចេតនា ពេលធ្វើដំណើរលើដងផ្លូវ។
លោកស្នងការបានបន្ថែមថា ពេលខ្លះបងប្អូនប្រជាពលរដ្ឋលោកធ្វើដំណើរពីស្រុក ស្រែចូលមកទីក្រុង ទីប្រជុំជន ម្តង ម្កាលដើម្បីបានឃើញពីការអភិវឌ្ឍន៍រីកចម្រើនរបស់ទីក្រុងយេីង លោកពិតជាមិនអាចយល់ដឹងបានគ្រប់ជ្រុងជ្រោយនៃការធ្វើចរាចរណ៍លើដងផ្លូវខ្វាត់ខ្វែង មានភ្លើងស្តុប និងស្លាកសញ្ញានោះទេ ពួកគាត់ខ្លាចខុសច្បាប់ ហើយក្នុងអារម្មណ៍ភ័យផង ខ្លាចផង ដូច្នេះមន្រ្តីនគរបាលចរាចរណ៍នៅ លើដងផ្លូវ សូមមេត្តាត្រឹមតែធ្វើការអប់រំណែនាំ ឱ្យគាត់បានយល់អំពីកំហុសនេះពាក់ព័ន្ធជាមួយនឹងច្បាប់ចរាចរណ៍បានហើយ រួចអនុញ្ញាតិឱ្យគាត់ បន្តដំណើរទៅចុះ សូមកុំផាកពិន័យអី សូមកុំមើលឃើញតែប្រាក់ពេក នេះជាការរំលឹកដាស់តឿន៕