សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា និងរកាំរកូសជាមួយប្រទេសជិតខាង ច្បាស់ណាស់សង្គមជាតិនោះ គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងគ្មានឱកាសពង្រឹងសមត្ថភាពមូលធនមនុស្សឡើយ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រទេសមួយអាចខ្លាំងបានទាល់តែមានធនធានមនុស្ស ហើយការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព។
សម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសមួយមានការអភិវឌ្ឍ និងរីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ប្រសិនបើសង្គមមួយរវល់តែឈ្លោះគ្នា បែកបាក់គ្នា និងមានសង្គ្រាមរ៉ាំរ៉ៃផ្លាស់ប្ដូរពីរបបគ្រប់គ្រងឥតឈប់ មានភាពរកាំរកូស ឥតឈប់ឈរជាមួយប្រទេសជិតខាង សង្គមជាតិនោះ ពិតជាគ្មានពេលវេលាទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ កសាងស្ថាប័ន និងកសាងសមត្ថភាព នៃមូលធនមនុស្សរបស់ខ្លួនបានឡើយ សង្គមនោះប្រហែលជាត្រូវខាត់បងធនធានមនុស្សយ៉ាងច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជៀសជាងការកសាងជាតិ»។
សម្តេចបវរធិបតី បន្ដថា ផ្ទុយទៅវិញបើសង្គមមួយ មានសន្ដិភាព និងស្ថេរភាព ប៉ុន្ដែសង្គមទាំងមូលមិនបានផ្ដល់តម្លៃការសិក្សាអប់រំ ប្រជាពលរដ្ឋមិនខិតខំកសាងសមត្ថភាពរបស់ខ្លួន ប្រទេសជាតិមានធនធានមនុស្សទន់ខ្សោយ ខ្វះឯករាជ្យ ម្ចាស់ការ នឹងមិនអាចប្រកួតប្រជែងជាមួយនឹងគេបាន សង្គមនោះ ក៏មិនអាចមានការរីកចម្រើន បានលឿនបានដែរ៕