(ពោធិ៍សាត់)៖ ថ្ងៃបាក់រសៀលចែងជះពន្លឺក្រហមច្រាល់ចេញពីទិសខាងលិច ហ្វូងបក្សីរាប់សែនក្បាលហើរតម្រង់មកកាន់បឹងព្រះពន្លៃមានរាងកោងដូចចំណិតព្រះច័ន្ទ ដែលជាជម្រកសត្វស្លាបដ៏ធំមួយស្ថិតមិនឆ្ងាយពីផ្លូវជាតិលេខ៥។ ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជំរំសត្វស្លាបមួយនេះ មានចម្ងាយតែ ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។

ហ្វូងសត្វស្លាបដ៏ច្រើនឥតគណនាទាំងនោះ បានធ្វើឱ្យបឹងព្រះពន្លៃក្លាយជាតំបន់ទស្សនាសត្វស្លាបដ៏ល្បីមួយនៅខេត្តពោធិ៍សាត់ ទោះបីមិនទាន់មានមធ្យោបាយណាដែលអាចឱ្យទេសចរបានចូលទៅជិតពួកវាក៏ដោយ។

អ្នកភូមិនៅតំបន់នោះបានបង្ហាញការកត់សម្គាល់ពីការចល័តរបស់ហ្វូងសត្វស្លាបទាំងនោះថា រៀងរាល់ថ្ងៃនៅពេលថ្ងៃបាក់រសៀលជ្រាលជ្រេ ហ្វូងសត្វស្លាបយ៉ាងច្រើនសន្ធឹកសន្ធាប់តែងបង្ហាញខ្លួននៅតាមដើមឈើជុំវិញបឹងព្រះពន្លៃនេះ បន្ទាប់ពីវាស្វែងរកចំណីតាំងពីព្រឹកមក។

នៅពេលរដូវមកដល់ នៅជុំវិញបឹងពោរពេញដោយស្រែស្រូវរបស់ប្រជាកសិករ ដែលរឹងតែញ៉ាំងឱ្យទេសភាពបឹងព្រះពន្លៃកាន់តែមានភាពស្រស់ត្រកាល ចំណែកនៅរដូវវស្សាវិញ ផ្ទៃបឹងពោរពេញដោយទឹកថ្លាឈ្វេង ដែលជាទីអាស្រ័យចំណីរបស់ពពួកសត្វនានា។

តាមរយៈយន្តថតរូបនៅលើអាកាស យើងឃើញថាហ្វូងសត្វស្លាបចម្រុះពួកហោះហើរដេដាសពេញអាកាស មានទាំងកុកស កុកក្រក ប្រវឹក ក្រៀលជាដើម ខ្លះទុមលើដើមឈើ ខ្វះក៏កំពុងមមាញឹកនឹងការរកចំណីចុងពេល ខ្លះសាសងជាមួយដៃគូ ឯខ្លះទៀតក៏កំពុងសម្លឹងរកពួក្រុមរបស់ខ្លួន ញ៉ាំងទិដ្ឋភាពនាពេលល្ងាចពន្លឺពណ៌មាសក្រហមឆេះពីលើកំពូលភ្នំកាន់តែស្អាតប្លែក៕ RR

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ