តាមរយ:អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សត្វទោចមកុដ និងសត្វភេ ដែលត្រូវបានដោះលែងឲ្យចូលក្នុងព្រៃឧទ្យានអង្គរ ពេលនេះកើតបានកូន៣បន្ថែមទៀត ដែលមានអាយុប្រហែល ៤សប្តាហ៍ហើយ ។ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងដោះលែងសត្វព្រៃក្នុង ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរបានជាច្រើន ប្រភេទដូចជា សត្វទោចមកុដចំនួន១០ក្បាល សត្វឈ្លូសចំនួន ៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៥ក្បាល ដែលមកដល់ពេលនេះសត្វទាំងអស់ នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពី ក្រុម ការងារ។

ដោយឡែក សត្វទោចមកុដ ចំនួន៣គ្រួសារ ដែលក្នុងនោះនៅក្បែរប្រាសាទតានៃមានចំនួន ៥ក្បាល ទើបតែកើតបានកូនមួយបន្ថែម ដែលមានអាយុប្រហែល៤សប្តាហ៍ហើយ។ ក្រៅពីនោះ សត្វទោចមកុដផ្សេងទៀត ដែលបានដោះលែងនាពេលកន្លងមក គឺនៅខ្លោងទ្វារខ្មោចមានចំនួន៤ក្បាល និងនៅខ្លោងទ្វារតាកាវមានចំនួន២ក្បាល កំពុងផ្សាំក្នុងទ្រុង ហើយគ្រោងនឹងដោះលែងនៅរដូវវស្សាខាងមុខនេះ។ សរុបនៅឧទ្យានអង្គរ សត្វទោចមកុដទាំងអស់មានចំនួន១១ក្បាល។ 

ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមការងារគ្រោងនឹងយក ២ក្បាលបន្ថែមទៀត ដាក់នៅក្បែរបឹងសន្ធមារ(ខាងជើងឈៀងខាងលិចក្នុងបរិវេណតំបន់អង្គរធំ) ក្រោយពីសង់ទ្រុងដែកសម្រាប់ផ្សាំរួចរាល់។ ចំពោះសត្វភេខ្លួនរលោង ដែលគម្រោងបានដោះលែងចំនួន៥ក្បាលកន្លងមក ពេលនេះកើតបានកូនចំនួន២បន្ថែម ដែលកូនភេទាំង២នោះមានអាយុប្រហែល ៣ខែហើយ។ 

ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ យើងនិងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់អង្គរ ត្រូវចូលរួមថែរក្សាសត្វទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ