ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ លើការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លី។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ការងារនេះ នឹងអាចបញ្ចប់ការវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ នៅត្រឹមឆ្នាំ២០២៩ ដែលចំខួប៤០ឆ្នាំ នៃការផ្តល់កម្មសិទ្ធិឯកជន លើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលបានផ្តួចផ្ដើមឡើយ ដោយសម្ដេចតេជោ ហ៊ុន សែន។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា « អាណត្ដិថ្មីនេះ យើងរៀបចំចំនួន៥,០០០នាក់ សម្រាប់ចុះធ្វើ (វាស់វែងកំណត់ព្រំដី) ហើយខ្ញុំសាញេថវិកា ដើម្បីបង្កើនកញ្ចប់ថវិកា សម្រាប់ចុះធ្វើការងារនេះ ហើយយើងគ្រោង១០០លានដុល្លារ ដើម្បីរុញចប់តែម្ដង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋ ឱ្យបានច្បាស់លាស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ