សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប លោកស្រី អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។

លោកស្រី អនុរដ្ឋមន្ត្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវ នៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវ ក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរចំពោះ លោកជំទាវ ដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ។ សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកស្រី អនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ