បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ក្រសួងបាននឹងកំពុងអនុវត្តការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិពីរកន្លែងគឺ៖«ដែនជម្រកសត្វព្រៃពាមក្រសោប»ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង«ដែនជម្រកសត្វព្រៃភ្នំព្រេច»ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមានការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ផងដែរ។

ការចុះបញ្ជីដែនជម្រកសត្វព្រៃទាំងពីរទីតាំងខាងលើនេះ ត្រូវបានក្រសួងបរិស្ថានបញ្ជាក់ថា គឺអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេស ច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨ និងច្បាប់ភូមិបាលឆ្នាំ២០០១ ហើយនីតិវិធី និងដំណើរការនៃការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវបានធ្វើឡើងទៅតាមគោលការណ៍នៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍សម្រាប់តំបន់ការពារធម្មជាតិនីមួយៗ។

បើតាមក្រសួងបានបញ្ជាក់ថា គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឲ្យមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង៧,២លានហិកតា។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមដែរថា តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងគ្រប់ដណ្តប់លើផ្ទៃដីសរុប៤.៦៧២,៦១ហិកតា និងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី គ្របដណ្តប់លើផ្ទៃដីសរុប៤៥.៥១៩,២៦ហិកតា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ