សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ប្រជាពលរដ្ឋផ្ទះក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋទិញផ្ទះតម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ២០២៥ខាងមុខនេះ។
.
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដោះស្រាយបញ្ហាបុរី គឺរដ្ឋាភិបាល ប្រើនីតិវិធីប្រកបដោយភាពបត់បែន ទន់ភ្លន់ និងយោគយល់គ្នា។
សម្ដេចធិបតី មានប្រសាសន៍ថា «អ្នកទិញ (ទិញផ្ទះ) ក្រោម ៧ម៉ឺនដុល្លារ ធ្វើការប្រកាសពន្ធ ប្រថាប់ត្រា រហូតដល់ចុងឆ្នាំ២០២៥ ចឹងសូមទៅប្រកាសទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រា»។
សម្ដេចធិបតី បន្ដថា ចំពោះប្រជាពលរដ្ឋ ទិញផ្ទះពីបុរីមិនទាន់ចុះបញ្ជី គឺអនុញ្ញាតឱ្យធ្វើប្លង់ជាមួយក្រសួង ហើយតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏អនុគ្រោះពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ ២០២៥ដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ចំពោះបុរីមិនមានអាជ្ញាប័ណ្ណ ប៉ុន្ដែខ្សៃធន ចំពោះប្រជាពលរដ្ឋ ដែលបានទិញផ្ទះ មានសំបុត្រស្នាមច្បាស់លាស់ហើយពីបុរី ដែលបានខ្សែធនហើយ ទៅក្រសួងហើយ ក្រសួងចុះបញ្ជីចេញប្លងឲ្យគាត់ទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រាសដូចគ្នា»៕EB