អ្នកអភិរក្សអំពាវនាវ កុំឱ្យប្រមាញ់សត្វ «ត្រយងចង្កំកស» យកទៅលក់ទៀតអី ព្រោះកម្ពុជានៅសល់តែជាង៣០ក្បាលតែប៉ុណ្ណោះ
សត្វ«ត្រយងចង្កំកស» សត្វត្រយងត្រូវគេចាត់ទុកថា គឺជាប្រភេទសត្វដ៏កម្រជិតផុតពូជដែល កំពុងរងនូវការគំរាមកំហែង ត្រូវបានក្រុមអ្នកអភិរក្សសត្វព្រៃ កំពុងមានការព្រួយបារម្ភអំពីការរស់រានរបស់ប្រភេទសត្វទាំងនេះ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃនេះសត្វត្រយងមួយចំនួន ត្រូវបានគេអះអាងថាមានវត្តមាននៅលើដីកោះស្រឡាយ ក្នុងស្រុកសៀមបូក នៅភាគខាងលិចខេត្តស្ទឹងត្រែង។
យោងតាមលោក ចៅ ឡេងថុល ការធ្វើជំរឿនថ្នាក់ជាតិសម្រាប់ប្រភេទដ៏កម្រនេះ ចាប់អនុវត្តន៍នៅក្នុងរដូវវស្សា ដោយសហការជាមួយអង្គការផ្សេងៗទៀតមានដូចជា អង្គការ Birdlife International Cambodia, អង្គការ WCS, អង្គការ WWF រូមជាមួយនឹងដៃគូរាជរដ្ឋាភិបាល ពាក់ព័ន្ធផ្សេងៗទៀត។
លោក ចៅ ឡេងថុល មន្ត្រីរបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានទីតាំងនៅក្រុងស្ទឹងត្រែង បានឲ្យដឹងថា សត្វត្រយង ហាក់ដូចជាធ្លាក់ចុះនៅក្នុងតំបន់ផ្សេងៗទៀត នៃប្រទេសកម្ពុជានោះ លោក បានរាប់ឃើញចំនួនរបស់សត្វប្រភេទនេះ មាន៣៨ក្បាល។ ប៉ុន្តែបើតាមលោក ណុប បូរ៉ាត ជានាយកសាលាភូមិស្មាកោះ និងប្រជាពលរដ្ឋដែលរស់នៅ លើឃុំកោះស្រឡាយ បានធ្វើប៉ាន់ប្រមាណឃើញថា មានសត្វត្រយងចង្កំកស ប្រហែលជា៥០ក្បាល។វាមានចំនួនប្រហែល ជា៩៥%នៃចំនួនដែលនៅសល់ទូទាំងសកលលោក ហើយមានរស់នៅតាមតំបន់ដែលមានព្រៃធម្មជាតិ និងអំណោយផលក្នុងការរកចំណី។
លោក ចៅ ឡេងថុល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការប្រមាញ់សត្វទាំងនោះលក់ ឬធើ្វម្ហូបឡើយ។ លោកបន្ថែមថា ត្រូវចូលរួមការពារសត្វស្លាបកម្រជិតផុតពូជទាំងនេះឲ្យបានគង់វង្ស ទុកដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងបានសិក្សាស្រាវជ្រាវផងដែរ។មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ធ្វើការផ្តោតលើការការពារជីវៈចម្រុះនៅ កម្ពុជា ហើយមជ្ឈមណ្ឌលនេះមានមណ្ឌលអភិរក្ស និងសង្រ្គោះសត្វព្រៃ ដែលស្ថិតនៅភូមិក្បាលស្ពានខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះ ធ្វើការសង្រ្គោះ និងស្តារនីតិសម្បទាសត្វព្រៃ ដោយលែងពពួកសត្វទាំងនោះ ឲ្យចូលទៅរស់នៅក្នុងទីជម្រកព្រៃធម្មជាតិវិញ៕SP