ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។
កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។
លោកស្រីបន្ដថា កម្មវិធីនេះ ផ្តោតលើ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្តដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព៕