កីឡាករថៃ Jonathan Khemdee ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ ចេញមុខបកស្រាយថា ««គាត់ គ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលបានឈ្នះនោះទេ»
(បរទេស)៖ក្រោយរងការរិះគន់ កីឡាករថៃ Jonathan Khemdee ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី បញ្ជាក់ថា «ខ្ញុំគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលខ្ញុំបានឈ្នះនោះទេ»។នេះបើតាមគណនី Instagram ផ្ទាល់ខ្លួនរបស់កីឡាករ Jonathan Khemdee បង្ហោះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
Jonathan Khemdee បានចេញមុខបកស្រាយ ដោយបង្ហោះក្នុងគណនី Instagram របស់ខ្លួនថា “សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានឲ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះខ្ញុំចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រខ្ញុំដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយខ្ញុំគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយដែលខ្ញុំបានឈ្នះនោះទេ។
ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ”។ពាក់ព័ន្ធនឹងបញ្ហានេះ Jonathan Khemdee ក៏បង្ហើបផងដែរថា រូបគេអាចសម្រាកពីក្រុមជម្រើសជាតិថៃ ប្រមាណ ២ទៅ៣ឆ្នាំ ប៉ុន្តែថា រូបគេមិនទាន់ច្បាស់ទេថា តើនឹងចាកចេញពីក្រុមដំរីសឹក ឬក៏យ៉ាងណា។
គួរបញ្ជាក់ថា ទង្វើរបស់កីឡាករ ថៃ Jonathan Khemdee ដែលបានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រស៊ីហ្គេម រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំថៃ ជាមួយ ឥណ្ឌូណេស៊ី បានទទួលរងការរិះគន់យ៉ាងខ្លាំង សូម្បីតែសារព័ត៌មានធំៗរបស់ថៃ ក៏បានយកវីដេអូនេះ ទៅពិភាក្សាជជែកវែកញែកគ្នាដែរ៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ