អាជ្ញាធរស្រុកបន្ទាយស្រីបានចាប់ផ្តើមប្រមូលផលស្រូវពីស្រែសង្គមនៅជុំទី១ហើយ ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរស្រុកបានចាប់ផ្តើមប្រមូលផលស្រូវពីស្រែសង្គមនៅជុំទី១ហើយ ហើយសម្រាប់ការប្រមូលផលថ្ងៃដំបូងនេះ លើផ្ទៃដីទំហំ១០ហិកតា ក្នុងចំណោមផ្ទៃដីធ្វើបានសរុបទំហំ៤០ហិកតា ដែលស្ថិតនៅក្នុងឃុំព្រះដាក់ ដោយទទួលបានទិន្នផលពី២តោនកន្លះទៅ៣តោនក្នុងមួយហិកតា ដូច្នេះបើសរុបផ្ទៃដីទាំង៤០ហិកតានោះ គឺយើងនឹងទទួលបានផលស្រូវប្រមាណជា១០០តោន ហើយបើកិនទៅជាអង្ករ គឺបានប្រមាណជា៥០តោនដែរ ។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងទៀតថា សម្រាប់ផលស្រូវដែលយើងទទួលបានជាលើកដំបូងនេះ គឺត្រូវទូទាត់ជូនទៅម្ចាស់ស្រែដែលបានផ្តល់ស្រែឱ្យអាជ្ញាធរធ្វើ តាមកិច្ចសន្យារវាងរដ្ឋបាលស្រុកនិងម្ចាស់ស្រែ ហើយបន្ទាប់មក អាជ្ញាធរ នឹងកិនទៅជាអង្ករសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងស្រុកបន្ទាយស្រី ដែលមាប្រមាណជា២ពាន់គ្រួសារ ។
លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ដោយសារតែស្រែសង្គមជុំទី១នេះទទួលបានទិន្នផលល្អ ដូច្នេះអាជ្ញាធរស្រុក នឹងបន្តធ្វើនៅជុំទី២ទៀត ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករាឆ្នាំ២០២១ ដើម្បីធ្វើយ៉ាងណាគៀងគរឱ្យបានជាស្រូវ និង ជាអង្ករឱ្យបានច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ នៅក្នុងស្រុកបន្ទាយស្រីនេះ ដូច្នេះតាមរយៈនេះ សូមថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសសប្បុរសជនដែលបានជួយឧបត្ថម្ភ ធ្វើឱ្យស្រែសង្គមនេះទទួលបានផលល្អប្រសើរ៕SP