ជាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ នាថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ អាជ្ញាធររាជធានីភ្នំពេញបានណែនាំ និងដាក់ចេញនូវវិធានការបន្ទាន់មួយ ដោយមិនអនុញ្ញាតឱ្យមានការធ្វើស្តង់ផ្សព្វផ្សាយផលិតផល ការប្រគុំតន្ដ្រី ឬកម្មវិធីសប្បាយភាពនានា ដែលមានមនុស្សជួបជុំប្រមូលផ្ដុំនោះឡើយ ។
តាមរយៈសារសម្លេងរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគ្រប់ប្រធានគណៈបញ្ជា ឯកភាពខណ្ឌទាំង១៤ ត្រូវពិនិត្យមើលបន្ទាន់នៅតាមមូលដ្ឋានរបស់ខ្លួន ពីការរៀបចំប្រគុំតន្ដ្រី ការលេងល្បែងកម្សាន្ត ការផ្សព្វផ្សាយផលិតផល ឬក៏មានការជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះ សូមឱ្យផ្អាកកម្មវិធីទាំងនោះជាបណ្ដោះអាសន្ន ដោយសារទី១ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅមិនទាន់ចប់ជាស្ថាពរ និងទី២ បច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាល ឡើងនូវជំងឺកូវីដ១៩ នាប្រទេសថៃ ដែលមានខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ដែលអាចមានពលករឆ្លងចូលមកក្នុងស្រុកវិញ ដូចនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១០ចំណុចរួចមកហើយ ឱ្យគ្រប់ខណ្ឌទាំង១៤ ក៏ដូចជាផ្សារទាំង២៥ និងដងផ្លូវនានា នៅតែមានសកម្មភាពផ្សព្វផ្សាយវិធានការសុខាភិបាល និងចែកម៉ាសតាមទីសាធារណៈបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ពិសេសគឺឱ្យអ្នកដំណើរ និងពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីវិធីរក្សាអនាម័យ និងទប់ស្កាត់៕SP