អភិបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ ការធ្វើបដិវត្តន៍ពណ៌ កុំឲ្យសង្គមជាតិ ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ជាលើកទី២
ភ្នំពេញ ៖ ក្នុងពិធីសម្ពោ រូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” ក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំង រាល់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងអមិត្ត ទាញឲ្យសង្គមជាតិ ធ្លាក់ក្នុងវិបត្តិកលិយុគ ដូចអតីតកាល ៣ឆ្នាំ៨ ខែ និង២០ថ្ងៃទៀតទេ បើទោះបីក្នុងតម្លៃណាក៏ដោយ ។
លោក ឃួង ស្រេង បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក នៅរាជធានីភ្នំពេញ ក្នុងពេលអតីតកាល នៃរបបប៉ុលពត គឺបានធ្វើឲ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងខ្មោច ប្រជាពលរដ្ឋ ត្រូវបានជម្លៀស ទៅកាន់ជនបទគ្មានសល់ បញ្ញាវ័ន្ត ត្រូវបានសម្លាប់រង្គាល ប្រជាជនអត់អាហារ ស្គមស្គាំង មានតែស្បែកនិងឆ្អឹង សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រប់ប្រភេទ ត្រូវបានលុបបំបាត់ និងមានសង្គ្រាមឈ្លប នឹងចលនាឧទ្ទាម ពាសពេញប្រទេស ហើយហេដ្ឋា រចនាសម្ព័ន្ធនានា ត្រូវបានបំភ្លេចបំផ្លាញ ដល់ចំណុចសូន្យ ។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ រក្សាឲ្យបានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធ្វើយ៉ាងណា កុំឲ្យរបបប្រល័យ ពូជសាសន៍ វិលមកជាលើកទីពីរ ម្ដងទៀត ។ ដូច្នេះយើងត្រូវតែចុងចាំ គ្មានថ្ងៃបំភ្លេច នឹងត្រូវផ្សព្វផ្សាយ ដល់មនុស្សជំនាន់ក្រោយ ឲ្យបានយល់ដឹង កុំឲ្យរបបព្រៃផ្សៃនេះ វិលត្រឡប់មកលើ សង្គមជាតិយើង ជាលើកទី២ ទៀតឲ្យសោះ៕EB