លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយ ប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរ មកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយ នៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួច កាលពីពេលថ្មីៗនេះនៅក្នុងឃុំរំចេក ក្រោយពីបានហាលសម្ងួត និងញែកយកសំរាម ដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។
លោកបន្តថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមាន ការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរជាអនាធិបតេយ្យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយ ប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ៕