ភ្នំពេញ ៖ លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ជាបន្ទាន់ការបាញ់សម្លាប់សត្វព្រៃ ដើម្បីយកមកធ្វើជាចំណីអាហារ លក់ដូរ ឬដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ។
លោក នេត្រ ភក្ដ្រា បានថ្លែងថា «ខ្ញុំ និងក្នុងនាមក្រសួងបរិស្ថាន សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសជនអគតិទាំង២នាក់នេះ ដែលបានបាញ់សម្លាប់ ឈ្លូស២ក្បាល និងក្តាន់ញ៉ែង១ក្បាល ដែលជាប្រភេទសត្វកម្រ និងត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺអ្នកដែលនិយមបរិភោគសាច់ សត្វព្រៃ គឺសូមមេត្តាបញ្ឈប់ជាបន្ទាន់ ដោយ លោក បានសង្កត់ធ្ងន់ថា «ការបញ្ឈប់បរិភោគសាច់ សត្វព្រៃ គឺមានន័យថាបញ្ឈប់ការបរបាញ់សត្វព្រៃ»។
គួររម្លឹកថា កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្រុកវើនសៃ បានចុះល្បាត និងស្ទាក់ចាប់ករណីបរបាញ់សត្វព្រៃខុសច្បាប់ក្នុងតំបន់ ការពាររបៀង អភិរក្សជីវចម្រុះ ស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរី។ ក្នុងនោះក្រុមការងារ បានពិនិត្យកន្លែងកើត ហេតុជាក់ស្តែង ដោយបានឃើញមានអាវុធកែច្នៃប្រើរំសេវជាតិផ្ទុះ ចំនួន០២ដើម រំសេវមួយប្រអប់តូច គ្រាប់កែច្នៃមួយប្រអប់តូច និងឈ្លុស ចំនួន០២ក្បាល ក្តាន់ញ៉ែងចំនួន០១ក្បាល។ ជនសង្ស័យ ដែល ក្រុមល្បាតឧទ្យាននុរក្សចាប់បានពេលនោះ មានចំនួនពីរនាក់គឺ ឈ្មោះ អាង ប៊ុន និង ពឺត ចិត្ត៕EB