អ៊ីស្រាអែល-លីបង់ព្រមឈប់បាញ់គ្នា ចាប់ពីស្អែកនេះ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការប្រកាសបទឈប់បាញ់ដើម្បីបញ្ចប់អរិភាព រវាងអ៊ីស្រាអែល និងលីបង់ នឹងមានសុពលភាព នៅថ្ងៃពុធស្អែកនេះ ហើយការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ នឹងបញ្ចប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ វិច្ឆិកា ២០២៤។
ការប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលលោក Biden និងប្រធានាធិបតីបារាំង Emmanuel Macron បានជួបនិយាយគ្នា កាលពីថ្ងៃអង្គារ។ ពួកលោកបាននិយាយថា «បទឈប់បាញ់ ដើម្បីបញ្ចប់អរិភាពរវាងអ៊ីស្រាអែល និងលីបង់នឹងការពារអ៊ីស្រាអែល ពីការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងបង្កើតលក្ខខណ្ឌសម្រាប់ ភាពស្ងប់ស្ងាត់ យូរអង្វែង»។
នៅមុននេះ រដ្ឋាភិបាលអ៊ីស្រាអែលក៏បានអនុម័តបទឈប់បាញ់ ជាមួយក្រុមហេសបូឡា នៅលីបង់ ផងដែរ។ ដោយបានសាទរចំពោះ «ការទូតដែលមិនចេះនឿយហត់ ជាច្រើនសប្តាហ៍» លោក Biden បាននិយាយថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យអ្នករស់នៅក្នុងប្រទេសទាំងពីរ ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព នៅសងខាងព្រំដែន។
សហរដ្ឋអាមេរិក និងបារាំងនឹងធ្វើការ ដើម្បីធានាថា ការរៀបចំនេះត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយនៅតែប្តេជ្ញាចិត្តដើម្បីទប់ស្កាត់ជម្លោះនេះ មិនឱ្យក្លាយជាវដ្តនៃអំពើហិង្សា ផ្សេងៗទៀត៕