សង្គ្រាមហ្កាហ្សាផ្តាច់ជីវិតគ្រូពេទ្យ និងគិលានុបដ្ឋាកជាង ១.០០០នាក់
ហ្កាហ្សា ៖ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើងនៅក្នុងខែតុលា ឆ្នាំ ២០២៣ បានសម្លាប់ជីវិតគ្រូពេទ្យ និងគិលានុបដ្ឋាកជាង ១.០០០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន China Daily នៅថ្ងៃទី២៧ វិច្ឆិកា ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលប៉ាឡេស្ទីន បានឲ្យដឹងថាបុគ្គលិកសុខាភិបាលជាង ៣១០នាក់នៅក្នុងដែនដីនេះ ត្រូវបានចាប់ខ្លួន ឬរងទារុណកម្ម និងប្រហារជីវិតនៅក្នុងពន្ធនាគារ។
មន្ទីរពេទ្យនៅតែជាគោលដៅសម្រាប់កងទ័ពអ៊ីស្រាអែល ដែលទម្លាក់គ្រាប់បែក ឡោមព័ទ្ធ និងការវាយលុករបស់ពួកគេ ដោយបានសម្លាប់ និងបង្កឲ្យរបួសគ្រូពេទ្យ និងគិលានុបដ្ឋាកយ៉ាងច្រើន។
គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ដោយសារការលុកលុយរបស់អ៊ីស្រាអែល បានកើនឡើងដល់ ៤៤.២១១នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ខណៈដែលមនុស្ស ១០៤.៥៦៧នាក់ផ្សេងទៀតបានរងរបួស៕RT