លោកចូ បាយដិន បេក្ខជនឈ្នះឆ្នោតប្រធានាធិបតីអាមេរិកបានស្តីបន្ទោសយ៉ាងខ្លាំងលើលោកដូណាល់ ត្រាំ បេក្ខជនចាញ់ឆ្នោតនិងជាប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ ក្រោយពីមានអ្នកគាំទ្ររាប់ពាន់របស់លោកត្រាំបានផ្ទុះនូវតវ៉ាបះបោរទ្រង់ទ្រាយជាកុបកម្ម ដោយសម្រុកចូលដោយហិង្សានៅឯសាលប្រជុំសភាពអាមេរិកកាពីតូល(Capitol)។ កុបកម្មដ៏ធំក្នុងប្រទេសបិតាធិបតេយ្យនេះដែរ បានបណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែហិង្សាបានឈានដល់ការផ្ទុះអាវុធ។

ទាក់ទងនឹងការតវ៉ានេះ លោកបាយដិនបានទទូចឲ្យលោកត្រាំចេញមុខរារាំង និងបញ្ឈប់នូវសកម្មភាពប្រឆាំងក្នុងរូបភាពជាហិង្សាចេញពីអ្នកគាំទ្ររបស់លោក។ លោកបាយដិនលើកឡើងទៀតថា សកម្មភាពប្រឆាំងបែបនេះពុំធ្លាប់មានពីមុនមកឡើយនៅអាមេរិក។ 

ជាការឆ្លើយតប លោកត្រាំតាមរយៈក្នុងខ្សែវីដេអូបង្ហោះលើបណ្ដាញស្គមធ្វីតទ័រ បានបន្តលើកឡើងជុំវិញការលួចបន្លំសន្លឹកឆ្នោតរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំ២០២០។ ជាមួយគ្នា លោកត្រាំក៏បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកថា ខ្ញុំដឹងពីការឈឺចាប់របស់អ្នក។ ខ្ញុំដឹងថាអ្នកឈឺចាប់។ ការបោះឆ្នោតមានការលួចបន្ថំលើយើង។ ប៉ុន្តែអ្នកត្រូវតែត្រឡប់ទៅផ្ទះវិញឥឡូវនេះហើយយើងនឹងមានសន្តិភាព។

ជាក់ស្ដែង អ្នកគាំទ្រដែលជាបាតុករទាំងនេះ ដើមឡើយត្រូវបានអំពាវនាវ និងជំរុញឲ្យប្រមូលផ្ដុំគ្នានៅជុំវិញសាលប្រជុំកាពីតូលអាមេរិកដោយលោកត្រាំ។ ម្យ៉ាងទៀត ដោយសារតែការតវ៉ាហិង្សារបស់អ្នកគាំទ្រលោកត្រាំនេះ បានធ្វើឲ្យសម័យប្រជុំសភាដើម្បីសម្រេចលើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់លោកបាយដិនត្រូវបានពន្យាពេល។

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកMike Pence នៅល្ងាចថ្ងៃពុធទី០៦ខែមករាឆ្នាំា២០២១និយាយថា កុបកម្មនេះជាថ្ងៃដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្រ្តសាលប្រជុំអាមេរិកកាពីតូលនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ