អាមេរិក៖អាមេរិក សម្រេចរឹបអូសកប៉ាល់របស់សិង្ហបុរីមួយគ្រឿងឈ្មោះ M/T Courageous ដែលរត់ពន្ធប្រេងទៅកាន់កូរ៉េខាងជើងបំពានសេចក្ដីទណ្ឌកម្មអន្តរជាតិ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិកនៅថ្ងៃទី៣០ ខែកក្កដា។ កប៉ាល់នេះ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ទុកតាំងពីឆ្នាំមុនតាមសំណើអាមេរិក។

កប៉ាល់នេះ ជាកម្មសិទ្ធិរបស់ជនជាតិសិង្ហបុរីឈ្មោះ Kwek Kee Seng ដែលកំពុងរត់គេចខ្លួន។ក្រសួងយុត្តិធម៌អាមេរិកបន្តថា កប៉ាល់នេះ ដែលមានសមត្ថភាពដឹកទំនិញ២,៧៣៤តោន ត្រូវបានប្រើប្រាស់ដើម្បីផ្ទេរប្រេងទៅកប៉ាល់កូរ៉េខាងជើង និងដឹកប្រេងដោយផ្ទាល់ទៅកាន់កំពង់ផែកូរ៉េខាងជើង Nampo ផងដែរ។ 


សកម្មភាពនេះ បំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់ការដឹកប្រេងទៅកូរ៉េខាងជើង។«ការចោទប្រកាន់បទគេចវេសទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើកូរ៉េខាងជើង និងការលាងលុយកខ្វក់ កំពុងធ្វើឡើងប្រឆាំងម្ចាស់ និងប្រតិបត្តិករកប៉ាល់ M/T Courageous ឈ្មោះ Kwek Kee Seng ដែលជាជនជាតិសិង្ហបុរីកំពុងគេចខ្លួន។» ក្រសួងយុត្តិធម៌អាមេរិកបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរបស់ខ្លួន តែមិនបញ្ជាក់ច្បាស់ហេតុអ្វីបានជាការចោទប្រកាន់មិនត្រូវបានលើកឡើងជាង១ឆ្នាំមកនេះឡើយ។

 

បើតាមក្រសួងយុត្តិធម៌អាមេរិក ចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០១៩ កប៉ាល់ខាងលើ បានលែងផ្ដល់សញ្ញាទាក់ទងទីតាំងរបស់ខ្លួន ហើយអំឡុងពេលនោះ ក៏ផ្ទេរប្រេងតម្លៃ១,៣លានដុល្លារទៅកប៉ាល់កូរ៉េខាងជើងឈ្មោះ Saebyol ។ នៅខែមីនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា ក៏ចាប់កប៉ាល់នេះតាមសំណើរបស់អាមេរិក និងឃាត់ទុករហូតដល់បច្ចុប្បន្ន។បុគ្គលឈ្មោះ Kwek Kee Seng មិនបានធ្វើសកម្មភាពតែឯងឡើយ ដោយមានអ្នកចូលដៃជើង តែក្រសួងយុត្តិធម៌អាមេរិកមិនបានបញ្ចេញអត្តសញ្ញាណភាគីផ្សេងឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ