បន្ទាប់ពីដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ តាមតំបន់ទេសចរដ៏ស្រស់ស្អាត ក្នុងខេត្តមណ្ឌលគិរី គេសង្កេតឃើញភ្ញៀវមួយចំនួន បានបន្សល់ទុកនូវសំរាម និងកាកសំណល់ម្ហូបអាហារពាសវាលពាសកាល។ អាជ្ញាធរមូលដ្ឋាន បានដើររើសសំអាតសំរាម និងកាកសំណល់ទាំងនោះ ក្រោយពេលអ្នកទេសចរយើង ចាកចេញពីកន្លែងកម្សាន្ត ឬឈប់សំរាកហូបអាហារ។

នៅតាមតំបន់ជាច្រើន ក្នុងបរិវេណតំបន់ទេសចរណ៍ បន្សល់ទុកនូវសំរាម និងកាកសំណល់ម្ហូបអាហារ ធ្វើអោយខូចសណ្ដាប់ធ្នាប់ បរិយាកាស ដោយសារតែភ្ញៀវមួយចំនួន ហូបអាហារ បោះចោលគ្មានអនាម័យ មិនចូលរួមវេចខ្ចប់ ទុកដាក់ក្នុងធុង ឬស្បោង ដើម្បីម្ចាស់ការយកទៅបោះដាក់ទីកន្លែង ដែលមានធុងសំរាមឡើយ។  

អាជ្ញាធរស្រុកអូររាំង បានឲ្យដឹងថា នៅតាមសងខាងផ្លូវជាតិលេខ៧៦ ពីស្រុកអូររាំង ទៅក្រុងសែនមនោរម្យ ចំណុចចំការស្រល់ និងវាលស្មៅ មានរថយន្តអ្នកដើរលេងរាប់រយគ្រឿង បានឈប់តម្រៀបគ្នា ចូលថតរូបទេសភាពដ៏ស្រស់ត្រកាល ដើម្បីទុកជាអនុស្សាវរីយ៍។

ចំណែកអ្នកភូមិរស់នៅតាមទីរមណីយដ្ឋានានា ក្នុងស្រុកពេជ្រាដា និងក្រុងសែនមនោរម្យ ក៏បានឲ្យដឹងថា នៅកន្លែងដើរលេង ដូចជា សមុទ្រឈើ ភ្នំអណ្តូងស្នេហ៍ ចំការដើមស្រល់ និងទីតាំងទេសភាពជាច្រើន ត្រូវអាប់សម្រស់ ព្រោះតែអ្នកដើរមួយចំនួន នាំគ្នាទៅហូបអាហារ អង្គុយលេង នៅទីនោះ រួចមិនបានប្រមូលសំរាម យកទៅចោលឲ្យបានត្រឹមត្រូវឡើយ។

អាជ្ញាធរខេត្ត បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាបរិស្ថាន អនាម័យ ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ ដែលបងប្អូន ត្រូវការស្រូបយកខ្យល់អាកាសបរិសុទ្ធ បើម្នាក់ៗចោលសំរាមបន្តិចនោះ វាប្រាកដជាបង្កើតទៅជាគំនរសំរាម បំផ្លាញដល់សម្រស់ធម្មជាតិ បំផ្លាញបរិស្ថាន ថ្ងៃក្រោយប្រាកដជា គ្មាននរណាម្នាក់ ចង់ទៅលេងកម្សាន្តទៀតឡើយ។

យ៉ាងណាក៏ដោយ តាមផ្លូវ ក៏ដូចជាតំបន់កម្សាន្តនានា ក៏គួរតែអាជ្ញាធរសមត្ថកិច្ច ដាក់ពង្រាយធុងសំរាមឲ្យបានច្រើន។ ព្រោះថា ដោយសារតែមិនមានធុងសំរាម ទើបអ្នកដើរលេងមួយចំនួន បោះចោលសំរាមរាយប៉ាយពាសវាលពាសកាល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ