អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះដល់ទីតាំងសាងសង់ផ្ទាល់ដើម្បី ជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោភ័ណ្ឌភាព មានតម្លៃសម្រាប់ទេសភាពវប្បធម៌។តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។

បច្ចុប្បន្ននេះ បើទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួនតាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួនដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ទៅវិញ។ សម្ភារទំនើបទាំងអស់ នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ការសាងសង់សំណង់ហើយ បង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ