សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលកា ររាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិក ភណ្ឌនៃអាជ្ញា ធរជាតិអប្សរា បានឱ្យដឹងថា សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយន ភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺកូវីដ១៩ ដោយភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ។
អាជ្ញាធរជាតិអប្សរា នឹងបន្តការបើកទ្វារទស្សនាដោយឥតគិតថ្លៃ ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលការប្រកាសនេះចាប់ផ្តើមពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១ ក្នុងគោលដៅដើ ម្បីផ្សព្វផ្សាយពីប្រវត្តិសាស្រ្ដ វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់ប្រពៃណីដល់ភ្ញៀវទេសចរគ្រប់ជាតិសាស្រ្ដបានដឹងពីកម្ពុជា។
គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍ឡតានី បើកទ្វារពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកទ្វារពីថ្ងៃពុធ ដល់ថ្ងៃចន្ទ៕
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ