អភិបាលខេត្តសៀមរាប អនុញ្ញាតឲ្យបើកផាប់ស្ទ្រីតឡេីងវិញ តែត្រូវពង្រឹងវិធានការការពារជំងឺកូវីដ១៩
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តចុះពិនិត្យ រៀបចំកែលំអរ និងពង្រឹងការរៀបចំវិធានការការពារជំងឺកូវីដ១៩ នៅតំបន់ផាប់ស្ទ្រីត ក្រោយរដ្ឋបាលខេត្តបានផ្អាកជាបណ្តោះអាសន្នកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយសារមានបងប្អូនបានចូលរួមលើសពីការកំណត់របស់គណៈកម្មការរៀបចំកម្មវិធី។
ក្រោយការចុះពិនិត្យ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំកម្មវិធី បានអនុញ្ញាតឲ្យបន្តបើកដំណើរការ ដោយបានណែនាំដូចខាងក្រោម៖
១. សម្រួលទិសចរាចរណ៍ ដើម្បីងាយស្រួលដល់ក្រុមការងារគ្រប់គ្រងចំនួនអ្នកចូលរួម ការវាស់កំដៅ ការពាក់ម៉ាស់ និងការលាងសំអាតដៃដោយអាល់កុលជាដើម។
២.កែសម្រួលការប្រគុំតន្ត្រីដើម្បីជៀសវាងឲ្យមានការប្រមូលផ្តុំច្រើន និងម្ចាស់អាជីវកម្មដ្ឋាននីមួយៗ ត្រូវពង្រឹងកម្រិតខ្ពស់អនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរាប់បញ្ចូលទាំងការរក្សានូវគម្លាតសុវត្ថិភាពសម្រាប់អតិថិជន។
គណៈកម្មការរៀបចំ និងរដ្ឋបាលខេត្ត។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕sp