នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លី រស្មី ប្រធានក្រុមការងារបច្ចេកទេសសាងសង់ផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំការរៀបចំដាំរុក្ខជាតិក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការរៀបចំដាំរុក្ខជាតិនៅតាមដងផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានផ្កា និងដើមឈើ ០៩ប្រភេទផ្សេងៗគ្នា ដើម្បីលម្អតាមដងផ្លូវ លើកស្ទួយសោភ័ណភាពក្រុង ជាលំនឹងបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ រដ្ឋបាលខេត្តសម្រេចបង្កើតក្រុមការងារ ៤ក្រុម ដើម្បីរៀបចំចុះពិនិត្យទីតាំង នៃការដាំដើមឈើនៅតាមបណ្តោយដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។
ដើមឈើ និងផ្កាដែលត្រូវយកមកដាំលម្អតាមដងផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ មានដូចជា៖
១. ដើមរាជ្យព្រឹក្ស ដាំនៅតាមដងផ្លូវ មហាវិថីរាម វិថីជោត្តញាណ វិថីបុរីកម្មករ វិថីគុជអាស៊ី វិថីអូរឈើទាលកំណាត់១ វិថីឆ្នេរអូឈើទាល និងវិថីឆ្នេរអូត្រេះ ។
២.ដើមផ្កាចា ដាំនៅតាមដងផ្លូវ មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ វិថី២ធ្នូវិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូត្រេះ ។
៣.ដើមនាងនួន ដាំតាមដងផ្លូវ វិថីសែនត្រជាក់ចិត្ត វិថីឆ្នេរពយជំទាវម៉ៅ វិថីលេខ៨៣៧-១ វិថីកោះពូឡូវ៉ៃ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៤.ដើមធ្នង់ ដាំនៅតាមដងផ្លូវវិថីមិត្តភាពកម្ពុជា-រុស្ស៉ី លេខ៧០៥ វិថី២៨មិថុនា វិថី២ធ្នូ វិថីឆ្នេរអូរឈើទាល និងវិថីអូរត្រេះ។
៥.ដើមឥន្ទនេល ដាំនៅតាមដងផ្លូវ វិថីឯករាជ្យ វិថីលំហែព្រះភូមិន្ទ វិថីអូត្រេះកំណាត់ទី៣ ដល់ស្ពានសែនត្រជាក់ចិត្ត ផ្លូវកាត់ទទឹងអូរត្រេះ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។
៦.ដើមក្ងោក ដាំតាមដងផ្លូវលេខ៨០៦ ផ្លូវលេខ ១០៦ ផ្លូវលេខ៨១០ ផ្លូវលេខ ៨១៨៨ ផ្លូវលេខ១០២ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។
៧.ដើមបូរព្រឹក្ស ដាំតាមដងផ្លូវ វិថីអូត្រេះ វិថី២ធ្នូ វថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ ។
៨.ដើមរំដួល ដាំតាមដងផ្លូវលេខ១១៥ វិថីឆ្នេរអូរឈើទាល និងវិថីឆ្នេរអូរត្រេះ។
៩.ដើមផ្កាក្រដាស ដាំតាមមហាវិថីរាម មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅ ចំនួនដើមឈើ និងរុក្ខជាតិលម្អដែលគ្រោងនឹងធ្វើការដាំមានចំនួន ១៣,៣៤០ដើម ហើយចំនួនផ្កាក្រដាសសរុបទាំង ៣មហាវិថី មានចំនួន ៦០,២០០គុម្ព៕