រដ្ឋបាលខេត្តសៀមរាប ប្រកាសត្រៀមខ្លួនទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប»
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។
ឯកឧត្តម អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ (ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកំសាន្តនោះទេ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។
ឯកឧត្តម ក៏បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបង្ហាញនូវសេចក្តីព្រាងកម្មវិធីមួយចំនួនជាអាទិ៍ ៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីជិះទូកកំសាន្ត
៨.កម្មវិធីកីឡាវាយកូនហ្គោល
៩.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
១០.ផ្ទាំងទស្សនីយភាពសិល្បៈ
ចំពោះកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ
#មោះ!មោះ!មកសម្រាកនៅសៀមរាប
#សៀមរាបផ្ទះខ្ញុំ៕ RR