រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋដើម្បីជៀសវាងទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ពីការទិញ-លក់ដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់ច្រករបៀងអភិរក្សចម្រុះ តំបន់សហគមន៍ការពារធម្មជាតិ និងក្នុងតំបន់គម្របព្រៃឈើ គឺប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ឯកសារទិញ-លក់ផ្ទេរកម្មសិទ្ធដីធ្លីដែលមិនស្របតាមយុត្តាធិការច្បាប់ និងតាមនិតិវិធីកំណត់ជាធរមាន។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ជូនបែបនេះដោយអនុលោមតាមច្បាប់ បទដ្ឋានគតិយុទ្ធជាធរមាន និងតាមនិតិវិធីគោលការណ៍នានារបស់រដ្ឋ បន្ទាប់ពីថ្មីៗនេះនៅតាមបណ្តាភូមិ ឃុំសង្កាត់មួយចំនួន ជាពិសេសនៅតាមភូមិសាស្រ្តក្រុង ស្រុក និងតំបន់មួយចំនួនទៀតមានការទិញ-លក់ដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ យ៉ាងអណាធិបតេយ្យ។
រដ្ឋបាលខេត្តក៏បានរំលឹកដែរថា ការទិញលក់ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងបញ្ជាក់ភាពត្រឹមត្រូវរបស់មន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធនិងមន្រ្តីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ គឺជាទង្វើរដែលផ្ទុយទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ។ ហើយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំសង្កាត់ ចាត់ទុកជាមោឃៈ និងបដិសេធចោលទាំងស្រុងនូវរាល់ឯកសារទិញ-លក់ដីធ្លីឬផ្ទេរកម្មសិទ្ធិទាំងអស់ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ហើយនឹងត្រូវប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែលបានកំណត់ ជាធរមាន៕