បារាំង ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រទេសរបស់នឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួន ចេញពីប្រទេសនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ Mohamed Bazoum។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះ អំឡុងថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការ គូសបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ឯកអគ្គរដ្ឋទូត និងអ្នកការទូត របស់យើងជាច្រើននាក់ នឹងត្រឡប់មកកាន់ប្រទេសបារាំងវិញ»។ 

គួរបញ្ជាក់ថា បារាំងបានរក្សាទុកកងទ័ពជាង ១,៥០០នាក់ នៅឯមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសនីហ្សេ ហើយកន្លងមកបានបដិសេធ ការស្នើសុំពីរបបយោធាថ្មី ឱ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំងចាកចេញពីប្រទេស បន្ទាប់ពីលោក ម៉ាក្រុងប្រកាសមិនទទួលស្គាល់របបសឹក ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) គាំទ្រដោយបារាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ