ឌូបៃ៖ ប្រទេសបារាំង បានយល់ព្រមផ្តល់ប្រាក់ចំនួន ១០០លានដុល្លារដល់ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោចំនួន ៥០លានដុល្លារ ដើម្បីការពារព្រៃឈើនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៤ ធ្នូ ២០២៣។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា រូបលោកសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងស្រដៀងគ្នា (កិច្ចព្រមព្រៀងការពារព្រៃឈើ) ដែលមានទំហំទឹកប្រាក់ ៦០លានដុល្លារជាមួយប្រទេសកុងហ្គោ ខណៈដែលលោកបានប្រកាសពីភាពជាដៃគូ នៅក្នុងកិច្ចពិភាក្សាស្តីពី ការប្រែប្រួលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

លោក ម៉ាក្រុង បានគូសបញ្ជាក់ថា ថ្ងៃនេះ ខ្ញុំរីករាយនឹងប្រកាសថា ភាពជាដៃគូចំនួនពីរបានចុះហត្ថលេខារួចហើយ។ ទីមួយគឺជាមួយប៉ាពូអាស៊ីនូវែលហ្គីណេមានទឹកប្រាក់ ១០០លានដុល្លារ និងទីពីរជាមួយកុងហ្គោ ប្រេហ្សាវីល ៥០លានដុល្លារ ហើយយើងក៏កំពុងបញ្ចប់ភាពជាដៃគូមួយទៀតជាមួយកុងហ្គោ មានទឹកប្រាក់ ៦០លានដុល្លារផងដែរ។ លោក ម៉ាក្រុង បន្ថែមថា យើងត្រូវតែបង្កើតការផ្លាស់ប្តូរកាបូន និងជីវចម្រុះអន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យឥណទានកាបូន និងជីវចម្រុះដែលមានគុណភាពខ្ពស់ អាចដោះដូររវាងសមាជិករបស់ខ្លួន ដោយផ្អែកលើស្តង់ដារ និងច្បាប់។

ការប្រកាសខាងលើនេះរបស់លោក ម៉ាក្រុង កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានអំពាវនាវឱ្យបង្កើតមូលនិធិចំនួន ២៥០ពាន់លានដុល្លារ ដើម្បីសង្គ្រោះព្រៃឈើត្រូពិច ដែលនឹងចំណាយប្រាក់ដល់ប្រទេសចំនួន ៨០ សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សព្រៃឈើរបស់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ