ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះ ដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន។ នេះជាការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី គីម ជីណា (KIM JINA) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុចសំខាន់ៗ ចំនួន៣ ដើម្បីផ្ដល់ថាមពលបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ទី១.ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងយន្តការនេះ លោកស្រី គីម ជីណា បានសន្យាថា ភាគីកូរ៉េនឹងផ្ដល់ការគាំទ្រលើការងារបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធ ជាមួយមន្រ្តីជំនាញ នៃក្រសួងមហាផ្ទៃកម្ពុជា។

២.ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ លោក ស សុខា ចាត់ទុកការផ្ដល់ជូននេះថា «ជាស្នូលសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌអន្តរជាតិ។ កម្ពុជានឹងរៀបចំបញ្ជីឈ្មោះឧក្រិដ្ឋជនទាំងនោះដាក់ក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យចូលដែនដីកម្ពុជា និងបញ្ជាឱ្យសមត្ថកិច្ចប្រុងប្រយ័ត្ន និងឃាត់ខ្លួនភ្លាមៗ នៅតាមបណ្ដាច្រកទ្វារព្រំដែន»។

៣. លោក ស សុខា និងលោកស្រី គីម ជីណា បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។

ប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា បានអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ (ភាគច្រើនជាជនបរទេស) បញ្ជូនទៅតុលាការផ្ដន្ទាទោស អនុវត្តនីតិវិធីបណ្ដេញ និងបញ្ជូនចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង និងប្រតិបត្តិការសម្អាតប្រាក់ ទៅកាន់ប្រទេសក្នុងនិងក្រៅតំបន់ជាច្រើនករណី។ ប៉ុន្តែជាប្រការគួរឱ្យសោកស្ដាយ លទ្ធផលនេះ ត្រូវប្រទេស និងអង្គការអន្តរជាតិខ្លះ ផាត់ចោល ប៉ុន្តែព្យាយាម លាបពណ៌ដាក់បន្ទុក ទាំងធាតុពិត ប្រភពនៃបញ្ហា មានភាពប្រទាក់ក្រឡាជាមួយសមត្ថកិច្ចពួកគេដែរ។ 

លោកស្រី គីម ជីណា អនុរដ្ឋមន្រ្តីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ បានជម្រាប លោក ឧបនាយករដ្ឋមន្រ្តី ថា ជាការពិត ឧក្រិដ្ឋជន នៃអំពើឆបោកតាមប្រព័ន្ធអនឡាញនេះ មានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយ ចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់ នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេរភាគី ឬជាសកល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ