ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដាក់លិខិតបន្ទាន់មួយថ្មីទៀត ផ្ញើជូនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើឱ្យមានការវិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

តាមរយៈលិខិតរបស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីលើញត្តិបន្ទាន់ ចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃដោយប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបាន រាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា សំឡេងលើសពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែល កម្រិតឡើងដល់ ២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ។ ដូច្នេះ រាល់ការប្រព្រឹត្ត សកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជា ពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។ សកម្មភាពអវិភាព និងបង្កហេតុទាំងនេះ គឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប “ច្បាប់ព្រៃ” ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាន យ៉ាងជាក់ស្តែងបំផុត។ លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃធ្វើឱ្យខូចដល់ស្ថិរភាពក្នុង តំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែល បានបង្កើតឡើងដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ