ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។

កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា «ម្សិលមិញនេះ (ថ្ងៃទី១៧ ខែតុលា) យើងបានជួបគ្នាដោយផ្ទាល់ ហើយចរចាគ្នារហូតដល់យប់ ហើយបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។

កិច្ចព្រមព្រៀង ឬឯកសារសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ