ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ ទទួលបន្ទុកការងារស៊ើបអង្កេត បានឯកភាពគ្នា បន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់ អំពីការបង្កើនទំនាក់ទំនងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្លាំងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េលើវិស័យទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមាន អំពើឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងតែមានកំណើននៅក្នុងតំបន់ និងសកលលោក ។

ក្នុងឱកាសនោះដែរ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញារត់គេចខ្លួន និងឈានទៅដល់ការចាប់ខ្លួន បំពេញនីតិវិធីប្រគល់ជូនភាគីកូរ៉េបានជាច្រេីនករណីនាពេលកន្លងមក ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នា បន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ