កម្ពុជា-កូរ៉េ ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ ៖ កម្ពុជា-កូរ៉េ បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី គឹម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរលង់ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត។
នៅក្នុងជំនួប លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានពន្យល់ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងយន្តការដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាជន រួមទាំងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕