បារាំង៖ មនុស្សជាងមួយលាននាក់បានដង្ហែក្បួនក្នុងប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី ១៩ ខែមករា ដើម្បីតវ៉ានឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដោយបាតុករខ្លះបានប៉ះទង្គិចជាមួយប៉ូលិសនៅទីក្រុងប៉ារីស ខណៈដែលកូដកម្មបានរំខានដល់ការដឹកជញ្ជូនសាធារណៈ សាលារៀន និងសេវាស៊ីវិលជាច្រើន។នេះបើតាមការចេញផ្សាយរបស់សាព័ត៌មានCNNនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣។
ចំនួនបាតុករសរុបដែលដើរក្បួនប្រឆាំងនឹងផែនការរបស់ប្រធានាធិបតី លោក Emmanuel Macron ក្នុងការដំឡើងអាយុចូលនិវត្តន៍មានចំនួន ១,២ លាននាក់ រួមទាំង ៨០ ០០០ នាក់នៅទីក្រុងប៉ារីសជុំវិញតំបន់ Bastille នៃទីក្រុងប៉ារីស ក្រុមបាតុករជ្រុលនិយមបានគប់ដប ធុងសំរាម និងគ្រាប់បែកផ្សែងដាក់ប៉ូលីស ដែលបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក និងការចាប់ខ្លួន ដើម្បីបំបែកអ្នកបង្កបញ្ហា នេះបើយោងតាមអ្នកកាសែត AFP នៅកន្លែងកើតហេតុ។
ប៉ូលីស បានឱ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៣៨ នាក់នៅម៉ោងប្រហែល ៦:៣០ ល្ងាច ដែលភាគច្រើនមកពីក្នុងចំណោមក្រុម Black Blocs ដែលពាក់ម៉ាស់ មួកសុវត្ថិភាព និងសំលៀកបំពាក់ពណ៌ខ្មៅ។ ប៉ូលិស បានបន្តថា ក្រុមមន្ត្រីបានគ្រប់គ្រងបំបែកក្រុមដែលមានចំនួនប្រហែលមួយពាន់នាក់ចេញពីបាតុកម្មធំ។ គ្មានឧប្បត្តិហេតុហិង្សាធំត្រូវបានគេរាយការណ៍នៅកន្លែងផ្សេងក្នុងប្រទេសបារាំងទេ។
សហជីពរបស់ប្រទេសបារាំងបានអំពាវនាវឱ្យមានចលនាមហាជន ដែលជាលើកដំបូងដែលពួកគេបានរួបរួមគ្នាចាប់តាំងពី ១២ ឆ្នាំមុន នៅពេលដែលអាយុចូលនិវត្តន៍ត្រូវបានដំឡើងពី ៦០ ទៅ ៦២ ឆ្នាំ។ជាការត្រៀមខ្លួនសម្រាប់កូដកម្ម ប៉ូលិសបានរៀបចំរួចជាស្រេចសម្រាប់ការឆ្លើយតបបាតុករពី ៥៥០០០០ ទៅ ៧៥០០០០ នាក់នៅទូទាំងប្រទេសបារាំង រួមទាំងរហូតដល់ ៨០ ០០០ នាក់នៅក្នុងរដ្ឋធានី។ រដ្ឋាភិបាលបានប៉ាន់ប្រមាណថា កម្មករវិស័យសាធារណៈស្ទើរតែម្នាក់ក្នុងចំណោមបីនាក់បានធ្វើកូដកម្មនៅពាក់កណ្តាលថ្ងៃ៕