នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោក សក់ សេដ្ឋា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងឯកសាររបស់អនុគណៈកម្មការឯកសារបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធការងារសន្និបាតរបស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក នៃអនុគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក រដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា កិច្ចប្រជុំ នេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាឆ្លងខ្លឹមសាររបាយការណ៍ ឯកសារ និងការងារពាក់ព័ន្ធមួយចំនួន សម្រាប់បម្រើឱ្យការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ 


ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាសមាជិកអនុគណៈកម្មការ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងសេចក្តីព្រាងឯកសារនានា ព្រមទាំងរបាយការណ៍បឋមពីគ្រប់អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានក្នុងការពិនិត្យពិភាក្សា និងផ្តល់ធាតុចូលបន្ថែម។

ជាមួយគ្នានោះ ពីអង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលសំខាន់ៗនានា ដើម្បីកែសម្រួល និងបំពេញបន្ថែមលើរបាយការណ៍ និងឯកសារពាក់ព័ន្ធនីមួយៗយ៉ាងល្អិតល្អន់ និងបានវាយតម្លៃខ្ពស់ចំពោះសេចក្តីព្រាងនៃឯកសារនានាដែលក្រុមការងារអនុគណៈកម្មការបានរៀបចំតាក់តែងឡើង។ នៅក្នុងនោះ អង្គប្រជុំក៏បានពិនិត្យពិភាក្សាលើរបៀបវារៈទូទៅ ដោយអង្គប្រជុំបានផ្តោតសំខាន់លើភាពចាំបាច់នានា ស្ថានភាព និងទិសដៅផែនការសំខាន់ៗសម្រាប់ដាក់បញ្ចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងអង្គសន្និបាតពិនិត្យ និងពិភាក្សាលើកទិសដៅអនុវត្តបន្ត និងធ្វើយ៉ាងណាឱ្យដំណើរការនៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។


ជាមួយគ្នានោះលោក រដ្ឋមន្ត្រីស្តី បានណែនាំឱ្យសមាជិកក្រុមការងារ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឡើងវិញ និងដាក់បញ្ជូលទៅអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងផ្តល់ធាតុនានាបន្ថែមទៀត  សម្រាប់ចំណុចដែលនៅខ្វះចន្លោះ ព្រមទាំងរៀបចំប្រធានបទ និងក្រុមពិភាក្សា ឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ