សម្តេចក្រឡហោម ស ខេង ជំរុញលើកទឹកចិត្តឱ្យមន្ត្រីក្រោមចំណុះក្រសួងមហា ផ្ទៃរួមគ្នា ពង្រឹង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព
បើភូមិឃុំទាំងអស់មានសុវត្ថិភាព មានន័យថាប្រទេសជាតិទាំងមូលគឺមានសុវត្ថិភាព សុខសន្តិភាព និងស្ថេរភាពហើយ ដូច្នេះមន្ត្រីរាជការនគរបាលចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ទាំងអស់ត្រូវពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព នេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចសម្តេចក្រឡហោម ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការ ជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដជូនស្នងការដ្ឋាន នគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នៅទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
សម្តេចក្រឡហោម ស ខេង មានប្រសាស៍ថា ក្រសួងមហាផ្ទៃបានចាត់ទុកគោល នយោបាយ ភូមិ ឃុំមានសុវត្ថិភាព ជាអទិភាព ហើយដើម្បីធានាដល់ការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព យើងត្រូវពង្រឹងយន្តការដើម្បីអនុវត្ត ដោយត្រូវពង្រីក ការចូលរួមឱ្យបានច្រើន ការគាំទ្រឱ្យកាន់តែច្រើនពីគ្រប់មជ្ឍដ្ឋាន ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ចំពោះគោលនយោបាយភូមិឃុំមាន សុវត្ថិភាពនេះដែរ អ្នកដែរដើរតួនាទីយ៉ាងសំខាន់នោះ គឺប៉ុស្តិ៍នគរបាល អធិការដ្ឋាន នគរបាល ព្រោះផ្នែកនេះ នៅជាប់គៀកនឹងប្រជាពលរដ្ឋ ដូច្នេះយើងចាំបាច់ ត្រូវរួមគ្នា លើកកម្ពស់ សមត្ថភាពបំពេញភារកិច្ចដល់មន្ត្រីទាំងនោះ។ ការលើកកម្ពស់ នោះទៀត សោត គឺធ្វើឡើងតាមរយៈការធ្វើវិក្រិត្យការមួយឆ្នាំទៅ ពីរឆ្នាំម្តង ដើម្បីបង្កើនសមត្ថភាព មួយដ៏សំខាន់។ ជាងនេះទៅទៀត ក្រៅពីការបង្កើនសមត្ថភាព តាមរយៈការធ្វើវិក្រិត្យ ការនេះ យើងក៏នឹងត្រូវផ្តល់ នូវសម្ភារផ្សេងៗ ដើម្បីបម្រើដល់ការងារចាំបាច់ នៅតាមទីតាំងផ្ទាល់៕SP