សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ ដោយត្រូវធ្វើតារាងលម្អិតបន្ថែមទៀត ដើម្បីបញ្ជាក់ ពីភូមិ -ឃុំ ដែលពលរកមកពីក្រៅប្រទេសរស់នៅ ភេទ អាយុជាក់លាក់របស់ពួកគាត់ ព្រមទាំងតាមដានស្ថានភាពសុខភាពឱ្យបានលម្អិត និងច្បាស់លាស់។ សម្តេចមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តការណ៍ចំពោះអំពើល្មើសនិងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក  ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម មានប្រសាសន៍ណែនាំបន្ថែមដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ទុកកន្លែងដែលមានបងប្អូនពលរកត្រឡប់មកពីបរទេសវិញ ជាកន្លែងក្តៅ ជាគោលដៅក្តៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់មើលការប្រែប្រួលសុខភាពរបស់គាត់  ព្រោះពួកគាត់អាចម្លង ទៅអ្នកដទៃច្រើនទៀត ដោយអ្នកជំងឺម្នាក់ អាចម្លងទៅមនុស្ស៥នាក់ផ្សេង  ។ក្រៅពីនេះ ត្រូវយកចិត្តទុកដាក់ឃោសនាហើយឃោសនាទៀត តាមវិធានទាំងឡាយដែលក្រសួងសុខាភិបាលបានណែនាំ ដោយប្រើប្រាស់មេក្រូចាក់តាម ម៉ូតូ រម៉ក់ ឡាន ទន្ទឹមនឹងនេះ ត្រូវរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល ប្រសិនបើមានពលរដ្ឋ ណាម្នាក់មានសុខភាពមិនល្អ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ