ភ្នំពេញ  ៖  សម្ដេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានធ្វេីការណែនាំឲ្យអាជ្ញាធរច្រកទ្វារព្រំដែនត្រូវកត់ត្រាបានច្បាស់នូវអត្តសញ្ញាណប្រជាពលរដ្ឋដែលវិលចូលមកប្រទេសវិញ ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ។ យោងតា មគេហទំព័រហ្វេសប៊ុក សម្ដេច  ស ខេង ។

ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន នៃភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន នៅថ្ងៃទី២៥  ខែមីនា  ឆ្នាំ២០២០  សម្ដេច  ស  ខេង  បានថ្លែងថា ពលរដ្ឋខ្មែរទំនេរពីការងារនៅថៃ  ចាប់ផ្ដើមសម្រុកនាំគ្នាវិលត្រឡប់មកកម្ពុជាវិញនាប៉ុន្មានថ្ងៃមុន ដែលធ្វើឱ្យអាជ្ញាធរច្រកទ្វារព្រំដែនជួបការលំបាក  ក្នុងការពិនិត្យសុខភាពពួកគាត់ពេលឆ្លងព្រំដែន។



សម្ដេច បន្ដថា  ដោយសារពួកគាត់ធ្វើដំណើរដល់ស្រុកកំណើតហើយនោះ សម្ដេចបានសុំគោលការណ៍ពីសម្ដេចតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា  ដើម្បីណែនាំអាជ្ញាធរខេត្ត  ក្រុង-ស្រុក-ខណ្ឌ និងភូមិ-ឃុំ ត្រូវគ្រប់គ្រងវត្តមានពួកគាត់ឲ្យបាន និងស្នើឲ្យពួកគាត់នៅដោយឡែក  ១៤ថ្ងៃសិន ។

សម្ដេច ស ខេង  មានប្រសាសន៍ថា  “ណែនាំឲ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រាឲ្យបានច្បាស់នូវអត្តសញ្ញាណពលរដ្ឋ  ដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដានស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះ ត្រូវខិតខំពិភាក្សាជាមួយភាគីថៃ  ដើម្បីចៀសវាងការអនុញ្ញាត្តឲ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឲ្យជួបការលំបាកក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលគឺត្រូវកំណត់ច្រកទ្វារច្បាស់លាស់ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ  យើង”។
សម្ដេច បន្ថែមថា  “ប្រសិនបើមានពលរដ្ឋខ្មែរយើងបន្តធ្វើដំណើរចូលមកប្រទេសវិញនោះ គឺរាជរដ្ឋាភិបាល យើងមិនអាចទប់ស្កាត់ពលរដ្ឋយើងមិនឱ្យវិលមកវិញបានទេ”។
 

ជាងនេះទៅទៀត  រដ្ឋមន្ដ្រីមហាផ្ទៃ  ណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ដោយប្រកាន់អកប្បកិរិយាថ្លៃថ្នូរសុភាពរាបសារ និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខសុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត ។ ជាមួយគ្នានេះក៏ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរខេត្តខាងភាគីថៃដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ