បាត់ដំបង៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មន្រ្តីនៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង កំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ ៨៨០គីឡូក្រាម ដែលធ្វើដំណើរចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយពុំមានឯកសារបែបបទនាំចូល។
ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមី និងគុណភាព។
ជាលទ្ធផល ជ្រូកក្លាសេទាំងអស់ ខូចគុណភាព វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដូចនេះសមត្ថកិច្ចចម្រុះបានសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីធ្វើការដុតកម្ទេចជ្រូកក្លាសេខូចគុណភាពនេះ តាមនីតិវិធីជាធរមាន៕