ភ្នំពេញ៖ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ( គ.ប.ផ.ក ) បានចុះអនុវត្តពាក្យបណ្ដឹងរបស់ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ( ភេសជ្ជៈអ៊ីឈីតាន់ ប្រេងកូឡា ប្រេងខ្យល់រូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរ ) ដោយបានរកឃើញនូវទំនិញពីរប្រភេទរបស់ក្រុមហ៊ុនឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ក្នុងនោះមានប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលកំពុងធ្វើសកម្មភាពយកទំនិញទាំងពីរប្រភេទដែលជាផលិតផលក្រុមហ៊ុនបាននាំចូលពីប្រទេសថៃដោយស្របច្បាប់នោះមកហែកសំបកវេចខ្ចប់ត្រឹមត្រូវចេញដើម្បីយករង្វាន់ ។


ក្នុងនោះយកសំបកក្លែងក្លាយមកវេចខ្ចប់ចូលវិញដើម្បីបន្លំភ្នែកប្រជាពលរដ្ឋដែលជាអតិថិជនធ្លាប់ទិញផលិតផលទាំងពីរមុខនេះយកទៅប្រើប្រាស់ ហើយតែងទទួលនូវរង្វាន់ផ្ទាល់ ដែលទង្វើនេះគឺជាការបោកប្រាស់ប្រជាពលរដ្ឋផង និងបោកប្រាស់ក្រុមហ៊ុនស្របច្បាប់ផង ដែលវាផ្ទុយនឹងច្បាប់ការប្រកួតប្រជែងមិនស្មោះត្រង់ លើពាណិជ្ជកម្មទំនិញ។

ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន ម្ចាស់ឈ្មោះ សំ វ៉ាន់ឌឿន អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានលេខអេ ១៨ ផ្លូវ ០៦ បុរីពិភពថ្មីឈូកវ៉ា ២ ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សរុបជារួមមក សកម្មភាពនេះហៅថាលួចវេចខ្ចប់ទំនិញត្រឹមត្រូវស្របច្បាប់ធ្វើឲ្យក្លាយទៅជាទំនិញក្លែងក្លាយ ធ្វើឲ្យក្រុមហ៊ុនដែលនាំចូលផ្តាច់មុខយកមកលក់ត្រឹមត្រូវត្រូវដួលរលំ និងខាតបង់ដល់ប្រជាពលរដ្ឋផង ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការទិញផលិតផលយកទៅប្រើប្រាស់ ចំណែកឯតំណាងចែកចាយទាំងឡាយណាដែលពាក់ព័ន្ធជាមួយជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើត្រូវលក់ជាបន្តទៀត ត្រូវតែទំនាក់ទំនងទៅក្រុមហ៊ុនស្របច្បាប់ទើបអាចគេចផុតអំពីការបោកប្រាស់ និងអាចគេចផុតពីទោសទណ្ឌទៀតផង។


ក្រោយការរកឃើញកម្លាំងបានរក្សាទុកប្រេងកូឡារូបតាប៉ិ ចំនួន ៣០០ កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន ៣២០ កេស នៅទីតាំងដែលបិទជាបណ្ដោះអាសន្ននេះ ចំណែកឯជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន ត្រូវព្រះរាជអាជ្ញារងលោក វង្ស សាវ៉ាត បានឲ្យកម្លាំងនគរបាលយុត្តិធម៌ គ.ប.ផ.ក នាំយកទៅសាកសួរបំភ្លឺដើម្បីបន្តនីតិវិធីជាមួយស្ថាប័នតុលាការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ