ភ្នំពេញ ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានធ្វើការបំផ្លាញចោលសាច់ស្រស់ បង្កក និងផលិតផលអំពីសត្វ នំចម្រុះ និងគ្រឿងសម្អាង សរុបប្រមាណ៧,០០៧គីឡូក្រាម។

ការបំផ្លាញចោលនេះត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីមន្ត្រី នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ការរិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអជ្ញាធរខណ្ឌដង្កោ។


លោកអគ្គនាយករង ក.ប.ប. បានឲ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យ នៅតាមបណ្តាទីតាំងស្តុកទុក ចែកចាយផលិតផល សាច់សត្វស្រស់ បង្កក ម្ហូបអាហារ គ្រឿងសម្អាង ជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងរោគរាតត្បាតផ្សេងៗ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ