អភិបាលខេត្ដស្ទឹងត្រែង ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម បង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ របស់ប្រជាជនខែ្មរ
ស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ដស្ទឹងត្រែង បានលើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនរបស់ប្រជាជាតិអាស៊ានទាំងមូល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទទួលព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ពីប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ នៃការដង្ហែព្រះអគ្គិជ័យ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រោមការចាត់តាំងដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ស៊ុន ចាន់ថុល ជាអនុប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានអញ្ជើញជាតំណាងឲ្យអត្តពលិកកម្ពុជា ដើម្បីទទួលព្រះអគ្គិជ័យកីឡា ពីគណៈប្រតិភូនៃប្រទេសឡាវ។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាជនទាំងអស់ក្នុងខេត្តស្ទឹងត្រែង មានមោទនភាពខ្ពស់ និងក្តីសង្ឃឹមថា ពិធីដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញនូវសមានចិត្តរួបរួមសាមគ្គីភាពជាធ្លុងមួយ និងក្នុងភាសាបេះដូងតែមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនរបស់ប្រជាជាតិអាស៊ានទាំងមូល»។
លោក ស្វាយ សំអ៊ាង បានឲ្យដឹងផងដែរថា ខេត្ដស្ទឹងត្រែង ជាខេត្តដំបូងគេបង្អស់ ក្នុងប្រទេសកម្ពុជា ក្នុងការទទួលរៀបចំពិធីបដិសណ្ឋារកិច្ច និងស្វាគមន៍អបអរសាទរ ព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ របស់ប្រជាជាតិនៃសហគមន៍ប្រទេសអាស៊ាន។
លោកអភិបាលខេត្ដ ក៏សូមយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងអស់ក្នុងខេត្តស្ទឹងត្រែង ដើម្បីសម្តែងនូវការគោរពដឹងគុណ និងអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕EB
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ